Sunday, January 26, 2020

សន្និដ្ឋាន

សន្និដ្ឋាន
យោងតាមការវិភាគនិង បកស្រាយ វែកញែកខាងលើរួចមក យើងឃើញថា ទោះបីជារឿងអ្នកតា
ទឹកអ្នកតាភ្នំស្ថិតក្នុងប្រភេទទេវកថា ដែលកើតមានតាំងពីសម័យបុព្វកាល កំឡុងពេលប្រជាជនមាន
កម្រិត ពុំអាចបកស្រាយបាតុធម្មជាតិតាមបែបវិទ្យាសាស្ត្រនៅឡើយ។តែទោះបីជាយ៉ាងណា ក្នុងនាមជា
ផ្នែកមួយនៃអក្សរសិល្ប៍ប្រជាប្រិយ កើតចេញអំពីផ្នត់គំនិតរបស់ប្រជាជនតាមនិគមជនបទ ហើយត្រូវបាន
ឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយ តាមរយៈការនិទានប្រាប់តៗគ្នានោះ។ មិនត្រឹមតែប៉ុណ្ណោះ ការនិទាន
នោះរមែងប្រលាក់ជាប់នូវទំនៀមទម្លាប់ ប្រពៃណី សីលធម៌ និង ចរិយាសាស្ត្ររបស់ប្រជាជនខ្មែរគ្រប់
ស្រទាប់វណ្ណៈ។
ការសិក្សាទេវកថា នេះបានផ្តល់នូវតម្លៃជាគតិដ៏មហិមា ក៏ទោះបីជាវាស្ថិតក្នុងបុព្វកាលក៏ដោយ ក៏
វាបានឆ្លុះបញ្ចាំងពីតម្លៃអត្តសញ្ញាណជាតិមួយនៃស្រទាប់ប្រជាជនខ្មែរនាពេលបុរាណ។បើយើងងាក
ក្រឡេកមើលរឿង អ្នកតាទឹកអ្នកតាភ្នំនេះ បើយើងក្រឡេកមើលមួយភ្លេច យើងអាចសន្និដ្ឋានបានថា វា
គ្មានអ្វីអស្ចារ្យ គ្រាន់តែជាការបកស្រាយពីរឿងទឹកជំនន់ ដែលគ្មានលក្ខណៈវិទ្យាសាស្ត្រសមហេតុផល
នោះឡើយ។ ការសន្និដ្ឋានបែបនេះ ហាក់បីដូចជា ទៅអង្គរវត្ត ហើយ តែមើលឬ អ៊ីចឹង វាមិនមែន
មើលពីតម្លៃនៃថ្មនោះទេ ពោលគឺមើលដើម្បីមើលប៉ុណ្ណោះ តែបើយើងសង្កេតមើលឲ្យកាន់តែជ្រៅចូល
ទៅក្នុងផ្ទៃរឿងនោះ យើងនឹងឃើញតម្លៃដ៏ពិសិដ្ឋដែលពន្លេចចេញតាមរយៈរឿង ព្រោះវាដិតដាមទៅដោយ
អត្តសញ្ញាណជាតិនៃតំបន់ប្រជាជននោះ។
ដូចនេះក្នុងនាមជាកុលបុត្រ កុលធីតា ជាអ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយ គប្បីខិតខំរិះរក
ស្វែងយល់ពីអត្ថន័យនៅក្នុងរឿងរបស់ខ្មែរ ដែលមានភាពសម្បូរ៍បែបនោះ ដើម្បីទាញយកពីគំនិត ទស្សនៈ
ប្រពៃណី នៃសិក្សាពីអតីតកាល
។កាលបើយើងដឹងអតីតកាល នាំឲ្យយើងស្គាល់ពីខ្លួនកាន់តែច្បាស់ ចៀស
រៀងអ្នកដទៃមកមាក់ងាយជាដើម។

No comments:

Post a Comment